Tuesday, September 16, 2008

My Thesis

លំនាំដើម

នៅសម័យក្រិចបុរាណសម័យ ការគិតពិចារណាពីបញ្ហាច្បាប់នៅមានលក្ខណៈតូចចង្អៀតនៅឡើយ ដោយជាទូទៅសិក្សាត្រឹមតែនិយមន័យនៃច្បាប់ឬយុត្តិធម៌ប៉ុណ្ណោះ។ សម័យក្រោយៗមកការពិចារណាពី បញ្ហាច្បាប់ និងយុត្តិធម៌កាន់តែមានភាពសំខាន់ឡើង និងកាន់តែស៊ីជម្រៅឡើងដោយឈានទៅពិចារណាពី បញ្ហាទម្រង់ច្បាប់ សិទ្ធិសេរីភាព យុត្តិធម៌សង្គម និងសីលធម៌--- រហូតដល់បច្ចុប្បន្នមនុស្សឈានទៅដល់ការ គិតពីបញ្ហាសិទ្ធិសេរីភាពរបស់សត្វទៀតផង។
មនុស្សម្នាក់ៗមានសិទ្ធិសេរីភាពពីកំណើតរៀងៗខ្លួន ដោយគ្មាននរណាម្នាក់អាចបំពារបំពានបាន ឡើយ។ មនុស្សមានសិទ្ធិសេរីភាពក្នុងការធ្វើអំពើនានាជាច្រើន តែការប្រើសិទ្ធិសេរីភាពហួសវាងាយជ្រៀត ជ្រែកដល់សេរីភាពអ្នកដទៃណាស់។ ដូច្នេះមនុស្សមានសេរីភាពធ្វើអំពើផ្សេងៗតាមចំណង់ចិត្តដោយទទួល ខុសត្រូវនូវទង្វើរបស់ខ្លួនចំពោះមុខសង្គម ដោយមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃនោះទេ។
យុត្តិធម៌ ជាបញ្ញត្តិមួយដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។ យុត្តិធម៌ពុំមែនសម្រាប់តែបុគ្គល ឬក្រុម ណាមួយឡើយ ពោលគឺមិនត្រឹមតែមានយុត្តិធម៌ចំពោះយើងទេ គឺត្រូវមានយុត្តិធម៌ចំពោះអ្នកដទៃផងដែរ។ យុត្តិធម៌ត្រូវឈរលើមូលដ្ឋានច្បាប់ និងសីលធម៌សង្គមជាគោលដោយពុំមែនជាកម្មសិទ្ធរបស់នរណាម្នាក់នោះ ទេ ពោលគឺមនុស្សគ្រប់រូបមានសិទ្ធិទទួលនូវយុត្តិធម៌ទៅតាមទង្វើរបស់ពួកគេ។ ទំនាក់ទំនងរវាងច្បាប់ និងយុត្តិធម៌ ជាទំនាក់ទំនងមួយដែលមិនអាចខ្វះគ្នាបាន។ សង្គមមួយមិនអាចមានយុត្តិធម៌សង្គមបានទេ បើគ្មានច្បាប់ ហើយក៏គ្មានច្បាប់ណាដែលអាចអនុវត្តទៅបានដែរដរាបណាច្បាប់នោះគ្មានយុត្តិធម៌សម្រាប់ មហាជនទូទៅនោះ។ ដូច្នេះច្បាប់ត្រូវតាក់តែងឡើងតាមគោលការណ៍ទូទៅមិនមែនបុគ្គលឬក្រុមណា មួយទេគឺមនុស្សម្នាក់ៗស្មើភាពចំពោះមុខច្បាប់ មានន័យថាមិនមែនអ្នកសម្លាប់មិត្តភក្តិសាច់ញាតិរបស់យើង ត្រូវមានទោសច្រើនជាងអ្នកដែលសម្លាប់អ្នកដទៃដែលយើងមិនដែលស្គាល់នោះទេ ។
ដោយមនុស្សជាភាវៈសង្គម ដូច្នេះសង្គមជាតិមួយមានយុត្តិធម៌សង្គមទៅបានត្រូវផ្តើមចេញពីបុគ្គល ទៅគ្រួសារ ពីគ្រួសារទៅសង្គម។ សង្គមមួយមិនអាចមានយុត្តិធម៌សង្គមបានទេ ដរាបណាភាវៈនៃសង្គម នោះគ្មានគំនិតយុត្តិធម៌។


សេចក្តីផ្តើម
១.ចំណោទបញ្ហា
ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោកផងដែរ ថ្វីត្បិតតែទើបឆ្លងកាត់ពីសង្គ្រាមដ៏ យូរអង្វែងក៏ដោយ តែពេលនេះក៏ចាប់ផ្តើមនិងកំពុងអភិវឌ្ឍទៅមុខបន្តិចម្តងៗ ហើយទន្ទឹមនឹងអភិវឌ្ឍន៍នេះ អត្រានៃកំណើនប្រជាជនក៏បានកើនឡើងយ៉ាងឆាប់រហ័សដែលគួរឱ្យកត់សម្គាល់ផងដែរ ដោយតាមតួលេខនៃ ជំរឿនឆ្នាំ ១៩៩៨ បង្ហាញថាកំណើនប្រជាជនបានកើនឡើងដល់ ១១.៤៣៧.៦៥៦លាននាក់។
ទន្ទឹមនឹងភាពកកកុញនៃចំនួនមនុស្សនេះបាននាំឱ្យមានបញ្ហាស្មុគស្មាញជាច្រើន ដែលបានកំពុងតែនឹង រីកសាយច្រើនឡើងៗនៅក្នុងសង្គមមនុស្សជាតិ ដែលជាក្តីព្រួយបារម្ភមួយជាខ្លាំងរបស់ពិភពលោក។ នៅក្នុង សង្គមខ្មែរបច្ចុប្បន្ន យើងអង្កេតឃើញថាកម្ពុជាបានទទួលនូវសន្តិភាពពេញលេញមួយ ហើយព្រមទាំងបាននិង កំពុងធ្វើការកសាង និងរៀបចំស្ថាប័ននិមួយៗក្នុងប្រទេសជាបន្តបន្ទាប់ដើម្បីឱ្យមានលក្ខណៈកាន់តែប្រសើរ ឡើង ប៉ុន្តែទន្ទឹមនឹងនោះក៏មានបញ្ហាស្មុគស្មាញ ក៏ដូចជាអសកម្មមួយចំនួនដែលបានកើតឡើងនៅក្នុងសង្គម ហើយក៏ចេះតែកើតឡើងជាបន្តបន្ទាប់ ដែលត្រូវបានដាក់បន្ទុកទៅលើ កង្វះខាតនៃច្បាប់ និងការអនុវត្ត។
បញ្ញត្តិយុត្តិធម៌ ជាបញ្ញត្តិមួយដែលមនុស្សស្ទើរគ្រប់រូបបានស្គាល់ និងបានដឹងពីវា ហើយក៏តែងតែ ប្រាថ្នាចង់បានចំពោះខ្លួនឯង ក៏ដូចជាចំពោះសង្គមទាំងមូល។ តែយុត្តិធម៌ជាបញ្ហាស្មុគស្មាញមួយដែលពិបាក នឹងរកឱ្យឃើញនូវសុក្រឹតភាពដាច់ខាតមួយ ហើយទន្ទឹមនឹងភាពអសកម្មមួយចំនួនរបស់មនុស្សនៅក្នុងការ អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវផងនោះ បានធ្វើឱ្យបញ្ញត្តិយុត្តិធម៌ក្លាយជាបញ្ញត្តិមួយដែលស្ទើរតែគ្មាននៅលើ លោក។ បញ្ហាយុត្តិធម៌ ឬអយុត្តិធម៌ជាបញ្ហាមួយដែលចម្រូងចម្រាស ជាបញ្ហាដែលមនុស្សជាច្រើនបាន ស្រែករកវា រហូតមានអ្នកខ្លះស្រែកសួរថា ” តើលើលោកនេះមានយុត្តិធម៌ដែរឬទេ? ”។ យើងឃើញថាមាន ភាពអយុត្តិធម៌មួយចំនួន ដែលកើតឡើងដោយការមិនគោរពទៅតាមគោលការណ៍នៃច្បាប់ ដោយដឹងច្បាប់ តែបំពានទៅលើច្បាប់ -ល-។ ដោយឡែកពីនោះនៅមានភាពអយុត្តិធម៌ផ្សេងៗទៀត ដែលសូម្បីតែមាន ការអនុវត្ត និងច្បាប់ល្អហើយក៏នៅតែពិបាកសម្រេចបាន ថាតើត្រូវវិនិច្ឆ័យយ៉ាងដូចម្តេចដើម្បីទទួលបាន នូវភាពត្រឹមត្រូវឥតល្អៀងមួយ។ ជាពិសេសចំពោះសង្គមខ្មែរយើងបច្ចុប្បន្ន ដោយសារបញ្ហាជីវភាព និងការ ធ្លាក់ចុះនៃសីលធម៌សង្គម និងកត្តានានាជាច្រើនទៀតបានធ្វើឱ្យប្រព័ន្ធយុត្តិធម៌ខ្មែរមានបញ្ហាអសកម្មមួយ ចំនួន ដែលរហូតមានអ្នកខ្លះបានបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ទៀតផង។
ទាក់ទិននឹងបញ្ហានេះទើបនាំឱ្យមានការពិចារណាមួយអំពីច្បាប់ ឬការប្រតិបត្តិច្បាប់នៅក្នុងសង្គម កម្ពុជាក៏ដូចជាប្រសិទ្ធភាពនៃច្បាប់ និងកត្តាអសកម្មនានាដែលច្បាប់គ្មានប្រសិទ្ធភាពមិនអាចរកយុត្តិធម៌បាន និងលើសពីនោះគឺច្បាប់ដែលមានប្រសិទ្ធភាពហើយក៏នៅតែមិនអាចចាត់ថាយុត្តិធម៌។ ចំណងជើងដែលបាន ដាក់ថា ” ទិដ្ឋភាពនៃការអនុវត្តច្បាប់មួយចំនួនក្នុងសង្គមខ្មែរពីឆ្នាំ១៩៩៣-២០០៣ ” គឺសំដៅទៅដល់ច្បាប់ ដែលបានអនុម័តឱ្យប្រើប្រាស់ តើត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនៅក្នុងសង្គមឬទេ? ដែលតម្រូវ ឱ្យលាតត្រដាងនូវបាតុភាព និងសកម្មភាពនានាដែលកើតមានក្នុងសង្គមមកឆ្លុះបញ្ចាំងដើម្បីឱ្យមើលឃើញនូវ ភាពវិជ្ជមាន និងអវិជ្ជមាននៅក្នុងការប្រតិបត្តិ។ ក្រៅពីនេះមានកត្តាការអនុវត្តច្បាប់ខ្លះ វាជាដំណោះស្រាយ បែបហិង្សាទៅវិញ។ បញ្ហាមួយកើតឡើងវាអាចមានហេតុជាច្រើន។ ដូច្នេះដំណោះស្រាយក៏មានច្រើនផង ដែរ ដែលច្បាប់តែម៉្យាងមិនល្មមគ្រប់គ្រាន់នោះទេ គឺតម្រូវឱ្យមានកត្តាជាច្រើនរួមចំណែកដើម្បីលើកស្ទួយ វិស័យច្បាប់ និងយុត្តាធិការឱ្យមានការរីកចម្រើន។
ដូច្នេះប្រធានបទនេះមានបំណងសិក្សា ៖
- ស្វែងយល់ពីប្រព័ន្ធច្បាប់ខ្មែរ
- ទិដ្ឋភាពសង្គមក្នុងការប្រតិបត្តិច្បាប់មួយចំនួន
- បង្ហាញពីភាពវិជ្ជមាន និងអវិជ្ជមានក្នុងការអនុវត្តច្បាប់មួយចំនួន
- បុព្វហេតុដែលនាំឱ្យមានភាពអវិជ្ជមានក្នុងការអនុវត្តច្បាប់
- ដំណោះស្រាយយ៉ាងណាខ្លះចំពោះភាពអវិជ្ជមានក្នុងការអនុវត្តច្បាប់

២.អត្ថន័យទ្រឹស្តី និងប្រតិបត្តិ
សារណានេះមានទ្រឹស្តី និងលក្ខណៈបែបច្បាប់ជាច្រើន ដោយរួមផ្សំនិងការគិតបែបទស្សនវិជ្ជា ឬការ គិតបែបរិះគន់ស្ថាបនាមួយ ដែលមិនមែនជាការរិះគន់បែបទុទិដ្ឋិនិយមទេ តែជាការរិះគន់ដើម្បីស្វែងរកជា គំនិតក្នុងដំណោះស្រាយដែលឈានទៅរកយុត្តិធម៌សង្គមទូទៅ ដែលមិនមែនសម្រាប់ក្រុមណាមួយឬវណ្ណៈ ឬបុគ្គលណាមួយឡើយ។

៣.ស្ថានភាពស្រាវជ្រាវបញ្ហា
ជាធម្មតា ទិដ្ឋភាពនៃការអនុវត្តច្បាប់នៅលើពិភពលោកទាំងមូលតែងតែស្តែងឡើងក្នុងរូបភាពពីរ គឺវិជ្ជមាន និងអវិជ្ជមាន។ កម្ពុជាក៏ដូចជាប្រទេសដទៃដែរគ្រាន់តែស្ថានភាពដោយឡែកប៉ុណ្ណោះ។
៤.ប្រភពស្រាវជ្រាវ និងមូលដ្ឋានវិធីសាស្ត្រ
អត្ថបទនេះបានផ្អែកទៅលើឯកសារដែលប្រមូលបានមកពីកន្លែងជាច្រើនដូចជា តាមបណ្ណាល័យនានា តាមបណ្តាអង្គការដែលពាក់ព័ន្ធមួយចំនួនទៀត និងតាមរយៈសារពត៌មាន និងជាពិសេសតាមការអង្កេត និង ស្តាប់គំនិតយោបល់ផ្សេងៗពីបណ្តាមជ្ឈដ្ឋាន និងអ្នកជំនាញនានា។
វិធីសាស្ត្រក្នុងការរៀចំសារណានេះ បានមកពីការរួមផ្សំនូវវិធីខាងក្រោម ៖
- វិធីវិភាគ និងវិធីសំយោគ
- វិធីអនុមានរួម និងអនុមានញែក
- ប្រវត្តិវិធី និងតក្កវិធី
- វិធីអង្កេតផ្ទាល់។

៥.កត្តាថ្មីខាងផ្នែកវិទ្យាសាស្ត្រ
សារណានេះ រៀបចំឡើងដើម្បីបំពេញលក្ខខណ្ឌក្នុងការបញ្ចប់វគ្គសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែក ទស្សនវិជ្ជានៃរាជបណ្ឌិតសភាកម្ពុជា។ សារណានេះជាការចងក្រង និងសាកល្បងវិភាគទៅលើឯកសារដែល បានស្រាវជ្រាវពីបណ្តាអ្នកគិតមុនៗ និងទិន្នន័យនានាដែលបានមកពីអង្គការនានា ក៏ដូចជាឯកសារដ្ឋាភិបាល។ ហេតុនេះកត្តាថ្មីនៃវិទ្យាសាស្ត្រស្ថិតនៅត្រង់ការចងក្រងទិន្នន័យមួយចំនួន និងការវិភាគរកហេតុផលនៃបុព្វ ហេតុនិមួយៗដែលបានកើតឡើង និងផ្តល់ទស្សនៈវិស័យមួយចំនួនដើម្បីជាការរួមចំណែកកាត់បន្ថយស្ថានភាព អសកម្មក្នុងសង្គម ពោលគឺការចង់បានយុត្តិធម៌សង្គម។

៦.រចនាសម្ព័ន្ធ
រចនាសម្ព័ន្ធនៃសារណានេះរួមមាន ៖
- លំនាំដើម
- សេចក្តីផ្តើម
- ជំពូកទី១ ៖ បរិបទទូទៅនៃច្បាប់
- ជំពូកទី២ ៖ ទិដ្ឋភាពសង្គមមួយចំនួននៃការប្រតិបត្តិច្បាប់នៅកម្ពុជា
- ជំពូកទី៣ ៖ វិបាក និងកំណែទម្រង់
- សេចក្តីសន្និដ្ឋាន
-គន្ថនិទ្ទេស

៧.ខ្លឹមសារចម្បងនៃសារណា
ច្បាប់ជាវិធានដែលរដ្ឋមួយ ឬប្រទេសមួយបានបង្កើតឡើងដើម្បីរក្សានូវសណ្តាប់ធ្នាប់ និងរបៀប រៀបរយក្នុងសង្គមដែលធ្វើឱ្យមនុស្សអាចរស់នៅរួមគ្នាដោយស្ងប់សុខបាន។ ជាធម្មតាច្បាប់ឆ្លុះបញ្ចាំងឱ្យ ឃើញពីតម្លៃសីលធម៌ សេដ្ឋកិច្ច សង្គម នយោបាយ និងទំនាក់ទំនង។ ក៏ប៉ុន្តែច្បាប់ពុំមែនជាយន្តការតែមួយ ដែលអាចធ្វើឱ្យសង្គមទាំងមូលមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយនោះទេ។ ជានិច្ចកាលច្បាប់ត្រូវពឹងផ្អែក ទៅលើយន្តការជាច្រើនទៀត ដែលរួមមាន សីលធម៌ ការអប់រំ សាសនា ទំនៀមទម្លាប់ ប្រពៃណី -ល-។
ច្បាប់និងយុត្តិធម៌ជាការពាក់ព័ន្ធដែលមិនអាចកាត់ផ្តាច់បាន ដើម្បីឱ្យមានយុត្តិធម៌សង្គមត្រូវតែមាន ច្បាប់ ដោយច្បាប់ត្រូវតែជាច្បាប់សម្រាប់មហាជនទូទៅពុំមែនសម្រាប់បុគ្គលឬក្រុមណាមួយទេ។ ក្នុងការ អនុវត្តច្បាប់តឹងតែងអាចនឹងអយុត្តិធម៌សម្រាប់បុគ្គលមួយចំនួន។ ប៉ុន្តែបើច្បាប់មិនតឹងតែង នោះច្បាប់នឹង អយុត្តិធម៌សម្រាប់សង្គមទាំងមូល។ ដូច្នេះច្បាប់គឺច្បាប់ដែលឈរលើគោលការណ៍រួម ច្បាប់ដែលគិតទៅដល់ វិសមភាពធម្មជាតិឬវិសមភាពនិម្មិតិ គង់នឹងជាច្បាប់ខ្សោយឬអសមត្ថភាព ។
ឆ្លងតាមការសិក្សា និងយោងតាមប្រវត្តិសាស្ត្រ សិលាចារឹក ស្នាដៃអក្សរសិល្ប៍ ---បង្ហាញឱ្យឃើញ ថាប្រព័ន្ធច្បាប់ខ្មែរនាសម័យបុរាណ ឈរលើមូលដ្ឋានច្បាប់សាសនា និងប្រពៃណី ពោលគឺសំដៅទៅដល់ កាតព្វកិច្ចសីលធម៌នៃច្បាប់ដែលស្រដៀងនឹងបណ្តាប្រព័ន្ធច្បាប់នានានៅតំបន់អាស៊ីផងដែរ។
ប្រព័ន្ធច្បាប់ខ្មែរចាប់ផ្តើមអភិវឌ្ឍខ្លាំងនៅសម័យអាណានិគមនិយមបារាំង ដោយផ្លាស់ប្តូរពីប្រព័ន្ធ ច្បាប់បែបសាសនា និងប្រពៃណី មកជាប្រព័ន្ធច្បាប់ទំនើប។ តែទោះយ៉ាងណាប្រព័ន្ធច្បាប់បែបសាសនា និង ប្រពៃណីនៅតែមានឥទ្ធិពលរបស់ខ្លួន ហើយបន្តរហូតមកទល់បច្ចុប្បន្នផងដែរ។
រដ្ឋធម្មនុញ្ញ ១៩៤៧ ជារដ្ឋធម្មនុញ្ញែដលត្រូវបានប្រើរហូតដល់ឆ្នាំ១៩៧៥ ដោយគ្រាន់តែត្រូវបាន កែប្រែខ្លះក្រោយពីរដ្ឋប្រហារនៅឆ្នាំ១៩៧០។
សង្គ្រាមមនោគមវិជ្ជាបានរុញច្រានប្រទេសកម្ពុជាធ្លាក់ទៅដល់ចំណុចសូន្យ ក្រោយជ័យជំនះនៃរបប កម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជារបប ប៉ុល-ពត។ ប្រព័ន្ធច្បាប់បែបសង្គមនិយមជាប្រព័ន្ធដែលត្រូវ បានយកមកអនុវត្តជំនួសប្រព័ន្ធចាស់ក្នុងប្រទេសកម្ពុជាដោយមានរដ្ឋធម្មនុញ្ញជា ”កម្ពុជាប្រជាធិបតេយ្យ”។
ក្រោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំទៅនៅថ្ងៃទី ០៧ មករា ១៩៧៩ រដ្ឋថ្មីមួយបានកើតឡើង ហើយសម័យប្រជុំសភាលើកទីមួយបានអនុម័តគម្រោងរដ្ឋធម្មនុញ្ញមួយហៅថា ” សាធារណៈរដ្ឋប្រជាមានិត កម្ពុជា ” ហើយបានកែប្រែជាច្រើនលើកច្រើនសារ រហូតដល់ឆ្នាំ១៩៨៩ បានកែឈ្មោះទៅជា ”រដ្ឋកម្ពុជា”។ ដោយប្រព័ន្ធច្បាប់សង្គមនិយមត្រូវបានប្រើជាបន្ត តែមានការកែប្រែមួយចំនួន និងតាក់តែងនូវក្រមច្បាប់ជា ច្រើនទៀតជាពិសេសច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ដែលនៅត្រូវបានប្រើប្រាស់រហូតមកទល់បច្ចុប្បន្ន។
កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ បានបង្រួបបង្រួមឱ្យមានឯកភាពជាតិមួយ ដោយ មានការរៀបចំនូវរដ្ឋាភិបាលមួយថ្មី ដែលកើតចេញពីការបោះឆ្នោត ១៩៩៣ ដែលរៀបចំដោយអង្គការសហ ប្រជាជាតិ ដែលនាំមកនូវបម្រែបម្រួលមួយួដ៏ធំនៃការផ្លាស់ប្តូររបបនយោបាយ គឹការប្តូរពីប្រព័ន្ធសង្គមនិយម មកជារបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរនូវប្រព័ន្ធច្បាប់យ៉ាងធំគឺការ ផ្លាស់ពីប្រព័ន្ធច្បាប់បែប សង្គមនិយម មកជាបែប ប្រជាធិបតេយ្យ។
ចាប់ពីក្រោយការរៀបចំនូវរដ្ឋាភិបាលប្រជាធិបតេយ្យថ្មីឆ្នាំ១៩៩៣មក កម្ពុជាបានផ្លាស់ប្តូរនូវមុខ មាត់ថ្មីស្ទើរគ្រប់វិស័យ។ ទាក់ទិននឹងបញ្ហាច្បាប់ និងការអនុវត្តច្បាប់កម្ពុជាបានរៀបចំនឹងចងក្រង នូវក្រម ច្បាប់ ជាច្រើនដើម្បីបំពេញនូវតម្រូវការសង្គមទាំងក្នុងប្រទេស និងក្រៅប្រទេស។
នៅក្នុងការអនុវត្តច្បាប់នៅក្នុងសង្គមបានស្តែងឱ្យឃើញនូវរូបភាពពីរគឺវិជ្ជមាន និងអវិជ្ជមាន។
ដោយរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនិងជាប្រភពនៃច្បាប់ទាំងអស់ ដោយគ្មានច្បាប់ណាមួយដែលត្រូវ
បានចែងឡើងប្រឆាំងនឹងរដ្ឋធម្មនុញ្ញបាននោះ។ ដូច្នេះច្បាប់អនុវត្តន៍ទាំងអស់នៅកម្ពុជាត្រូវតែធានាដល់សិទ្ធិ
សេរីភាព ព្រោះរដ្ឋធម្មនុញ្ញកម្ពុជាបានធានាដល់ការប្រើសិទ្ធិសេរីភាពស្មើៗគ្នា ដោយមិនឱ្យមានការរំលោភ
បំពានពីអ្នកដទៃឡើយ ហើយការប្រើសិទ្ធនេះត្រូវស្ថិតក្នុងច្បាប់។
ការប្រើសិទ្ធិសេរីភាពក្នុងសង្គម យើងសង្កេតឃើញចាប់ពីការកកើតនូវរដ្ឋាភិបាលថ្មីឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ចំពោះសេរីភាពនៃការជួបប្រជុំ និងការបញ្ចោញមតិយោបល់ ដោយឃើញមានមហាជនជាច្រើនបានចូលរួមក្នុងការបញ្ចោញមតិយោបល់ និងទស្សនៈទៅតាមគំនិតរៀងៗ ខ្លួននៅតាមទីប្រជុំជននានាដូចជា តូបកាសែត ហាង កាហ្វេ និងតាមទីសាធារណៈផ្សេងៗទៀត ដែលពីមុន មកសេរីភាពបែបនេះមិនបានស្តែងឱ្យឃើញជាទូទៅដូចនេះទេ។ ជាពិសេសគឺតួនាទីគណបក្សប្រឆាំងដោយ មានភារៈរិះគន់ តិទៀន និងតាមដានត្រួតពិនិត្យមើលនូវរាល់សកម្មរបស់រាជរដ្ឋាភិបាលក្នុងការបំពេញភារកិច្ច ដោយលាតត្រដាងនូវភាពអសកម្មនានា នោះ ក៏ត្រូវបានធានាដោយសិទ្ធិស្របច្បាប់ផងដែរ។
ក្រៅពីសេរីភាពនៃការជួបប្រជុំនេះ សេរីភាពនៃសារពត៌មានក៏សង្កេតឃើញថាមានការរីកចម្រើន គួរឱ្យកត់សម្គាល់ផងដែរ ថ្វីបើពុំទាន់ឈានដល់កម្រិតឯករាជ្យនៃសារពត៌មានទាំងស្រុងក៏ដោយ។ ជាក់ស្តែង មានសារពត៌មានជាច្រើន ទាំងស្របនិងទាំងប្រឆាំងរដ្ឋាភិបាល ទាំងជាតិនិងអន្តរជាតិ ដែលកំពុងមានសកម្ម ភាពនៅក្នុងប្រទេស។
បន្ថែមពីសិទ្ធិសេរីភាពរៀបរាប់ខាងលើមានសិទ្ធិសេរីភាពជាច្រើនទៀត ដូចជាសិទ្ធិសេរីភាពទទួល ពត៌មាន សិទ្ធិសេរីភាពដើរហើរ សិទ្ធិប្តឹងតវ៉ា ជាដើមសុទ្ធតែត្រូវបានធានាដោយរដ្ឋធម្មនុញ្ញផងដែរ ហើយ ក្នុងការអនុវត្តក៏ស្តែងឱ្យឃើញពីការយល់ដឹងស្តីសិទ្ធិសេរីភាពទាំងនេះកំពុងអភិវឌ្ឍទៅមុខផងដែរ ។
ដោយឡែកពីនោះនៅឃើញថាមានបដិវត្តន៍ថ្មីមួយពីសំណាក់ស្ត្រីបានពុះកញ្ជ្រោលយ៉ាងខ្លាំង គឺការ ទាមទារនូវសិទ្ធិស្មើភាពមួយរវាងបុរស និងស្ត្រី ហើយឃើញថាបានទទួលជោគជ័យផងដែរព្រមទាំងកំពុងបន្ត នូវសកម្មភាពជាបន្តទៅមុខទៀត។ ហើយក្រោមការខិតខំ និងការកាន់តែយល់ពីសិទ្ធិស្មើភាពរវាងបុរស និង ស្ត្រីបានជំរុញឱ្យស្ត្រីកាន់តែមានលទ្ធភាពបង្កើននូវសមត្ថភាពរបស់ខ្លួនឡើង ហើយចូលរួមប្រកួតប្រជែងយ៉ាង ពេញលេញជាមួយនឹងបុរស ដែលជាសញ្ញាបង្ហាញឱ្យឃើញពីភាពលូតលាស់ផ្នែកគំនិតបន្តិចម្តងៗទៅរកគំនិត ទាន់សម័យគឺមនុស្សទាំងអស់មានសិទ្ធិស្មើគ្នា ដោយមិនមាននរណាម្នាក់ឬភេទណា មួយត្រូវបានលើកតម្កើង ឱ្យមានសិទ្ធិច្រើនជាងណាមួយទេ គឺត្រូវប្រកួតប្រជែងដោយស្មើភាពទាំងអស់ ដែលជាការខិតទៅស្របទៅ នឹងរដ្ឋធម្មនុញ្ញែដលធានាសិទ្ធិស្មើគ្នាចំពោះបុរស និងស្ត្រីនោះដែរ ហើយក៏ជាការបង្ហាញឱ្យឃើញជាក់ស្តែងនូវ ការជម្រុះចោលនូវផ្នត់គំនិតដែលមាននៅក្នុងសង្គមជាយូយារមកហើយ ដែលថាភេទស្ត្រីជាភេទទន់ខ្សោយ និងពាក្យស្លោកថា ” ស្ត្រីបង្វិលចង្ក្រានមិនជុំ ” នោះផងដែរ។
ក្រៅពីនេះនៅមានផែនការអភិវឌ្ឍន៍ និងសមិទ្ធផលជាច្រើនទៀតដែលជួយលើកស្ទួយដល់ការអនុវត្ត ច្បាប់ប្រកបដោយតម្លាភាព។ ប៉ុន្តែទន្ទឹមនឹងនោះយើងឃើញមានភាពអវិជ្ជមានក្នុងការអនុវត្តច្បាប់តាមរយៈ បាតុភាពអសកម្មមួយចំនួនដែលកើតមានក្នុងសង្គមដែលស្តែងឡើងក្នុងរូបភាពដូចជា ឃាតកម្មនិងចោរកម្ម ការរំលោភសេពសន្ថវៈ ការជួញដូរមនុស្សនិងពេស្យាកម្ម អំពើហិង្សាក្នុងទីសាធារណៈនិងក្នុងគ្រួសារ អំពើ ពុករលួយ ការជួញដូរគ្រឿងញៀន លួចវត្ថុបុរាណ និងកាប់បំផ្លាញព្រៃឈើ ភាពឥតសណ្តាប់ធ្នាប់តាម ទីសាធារណៈ -ល-។
យើងមើលឃើញបុព្វហេតុដែលនាំឱ្យមានភាពអវិជ្ជមានក្នុងការអនុវត្តច្បាប់មានផ្នែកពីរ គឺផ្នែកច្បាប់ មានបញ្ហាកង្វះខាតច្បាប់ បញ្ហាកង្វះខាតការផ្សព្វផ្សាយឱ្យបានទូលាយនិងបញ្ហាកង្វះសមត្ថភាព ក្នុងការត្រួត ពិនិត្យការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងមកពីផ្នែកសង្គម មានបញ្ហាជីវភាព បញ្ហាផលវិបាកសង្គ្រាម បញ្ហាកង្វះខាតចំណេះដឹង បញ្ហាអំពើពុករលួយ និងបញ្ហាការធ្លាក់ចុះនៃសីលធម៌ សង្គមជាដើម ។
ភាពអវិជ្ជមានក្នុងការអនុវត្តច្បាប់ជាកត្តាដែលរាំងស្ទះដល់ការអភិវឌ្ឍជាតិយ៉ាងធំធេង។ ប្រទេស ដែលរីកចម្រើនជាចីរភាពទៅបាន លុះណាមានយុត្តិធម៌សង្គម ហើយក៏គ្មានប្រទេសណាមួយលើលោកដែល ប្រកបទៅដោយភាពអវិជ្ជមានច្រើននោក្នុងការអនុវត្តច្បាប់អាចក្លាយជាប្រទេសអភិវឌ្ឍន៍នោះដែរ។ ដូច្នេះ ភាពអវិជ្ជមានក្នុងការអនុវត្តច្បាប់ ជាបញ្ហាដែលត្រូវតែដោះស្រាយជាបន្ទាន់ដើម្បីឱ្យធានានូវយុត្តិធម៌សង្គម ដោយឈរលើគោលការណ៍ដំណោះស្រាយដូចជាៈ យុទ្ធសាស្ត្រ និងសកម្មភាពទម្រង់ ការបំបាត់ឬសគល់នៃ បាតុភាពអសកម្ម និង ទស្សនៈអប់រំ ។
យុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងយុត្តិធម៌ សំដៅទៅដល់ការពង្រឹងការការពារសិទ្ធិសេរីភាពរបស់ បុគ្គល ធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ ផ្តល់លទ្ធភាពទទួលពត៌មានអំពីច្បាប់ឱ្យបានទូលាយ ការធ្វើឱ្យប្រសើរ ឡើងនៃដំណើរការក្តីរបស់តុលាការ និងបញ្ចូលយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយរួមនឹង សកម្មកំណែទម្រង់ដូចជាផ្នែកសង្គមមាន ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ចំណេះដឹង ការបំបាត់ អំពើពុករលួយ និងផ្នែកច្បាប់មាន ការផ្សព្វផ្សាយនិងបណ្តុះបណ្តាលវិស័យច្បាប់ និងការពង្រឹងមុខងារត្រួត ពិនិត្យច្បាប់ និងការអនុវត្តច្បាប់ជាដើម។
យើងដឹងហើយថាផលកើតឡើងពីហេតុរបស់វា។ ហេតុមួយឬហេតុច្រើនបង្កឱ្យមាននូវផលមួយឬ ផលច្រើន ហើយហេតុមួយអាចជាផលមួយដែលមានហេតុជាច្រើនទៀត។ ដូច្នេះដើម្បីដោះស្រាយឬបំបាត់ ផលនោះដោយជោគជ័យទៅបានគឺត្រូវរកឱ្យឃើញនូវហេតុរបស់វាជាមុនសិន ហើយត្រូវដោះស្រាយទៅតាម បាតុភូត និងក្រឹត្យក្រមរបស់វា ដោយមិនអាចដោះស្រាយទាំងកំរោលដោយមិនយល់ពីបាតុភូតរបស់វាបាន ឡើយ។ បើពុំនោះទេពិតជាបរាជ័យជាពុំខាន មានន័យថាដើម្បីទប់ស្កាត់នូវផលមួយត្រូវទប់ស្កាត់នូវហេតុ របស់វា ដូចជាទ្រឹស្តីព្រះពុទ្ធអះអាងថា ” មានហេតុទើបមានផល ដើម្បីរំលត់ទុកត្រូវបំបាត់នូវហេតុដែលនាំឱ្យ មានទុកជាមុនសិន”។ ដូច្នេះដំណោះស្រាយវាទាមទារនូវការវិនិច្ឆ័យជាក់លាក់ដោយតម្រូវឱ្យវិភាគពីដំណើរ នៃទំនាស់និមួយៗ និងត្រូវគិតគូរដល់ការប្រែប្រួលរបស់វាផងដែរ ហើយត្រូវដោះស្រាយឱ្យចំទំនាស់ដោយ យោលទៅតាមកាល និងលំហរបស់វាដោយកុំឱ្យយឺតពេកព្រោះ ទំនាស់និមួយៗប្រែប្រួល និងកុំឱ្យលឿនពេក ព្រោះការដោះស្រាយដោយបង្ខំនឹងធ្វើឱ្យបរាជ័យឬអាចស្តែងឡើងជាអយុត្តិធម៌។
ក្រៅពីនេះទស្សនៈអប់រំ ឬការលើកកម្ពស់សីលធម៌សង្គមក៏ជាកត្តាចាំបាច់ផងដែរ។ ច្បាប់ល្អត្រូវការ មនុស្សល្អហើយក៏គ្មានច្បាប់ណាមួយអនុវត្តបានដោយជោគជ័យដោយគ្មានមនុស្សល្អទេ។
ការលើកកម្ពស់សីលធម៌សង្គមធ្វើឡើងតាមរយៈការអប់រំសីលធម៌ ដោយការអប់រំដោយខ្លួនឯង និងការអប់រំពីមជ្បដ្ឋានខាងក្រៅ ការបណ្តុះស្មារតីអត់ឱន និងការរួមចំណែកនៃទ្រឹស្តីសីលធម៌សាសនា។
ជាសេចក្តីសន្និដ្ឋានរួម យើងឃើញថា ក្រោយពីការទទួលបាននូវសន្តិភាព និងឯកភាពពេញលេញមក កម្ពុជាបាននិងកំពុងកែទម្រង់នូវប្រព័ន្ធគ្រប់គ្រងនានា ក៏ដូចជាវិស័យច្បាប់ និងយុត្តិធម៌ដើម្បីឈានទៅនីតិរដ្ឋ ពោលគឺការគោរពសិទ្ធសេរីភាព លទ្ធិប្រជាធិតេយ្យ និងយុត្តិធម៌សង្គម។ តែយ៉ាងណាប៉ុន្មានឆ្នាំកន្លងមកនេះ ភាពអវិជ្ជមាននៃការអនុវត្តច្បាប់ក៏ស្តែងឡើងគួរឱ្យកត់សម្គាល់ដែរ ដែលទាមទារនូវយន្តការបន្ថែមទៀត ដើម្បីឱ្យក្លាយជានីតិរដ្ឋ។
ការកសាងនីតិរដ្ឋមិនត្រឹមជាភារកិច្ចរបស់ថ្នាក់ដឹកនាំទេ ការរួមចំណែករបស់ពលរដ្ឋគ្រប់រូបក៏ជាកត្តា សំខាន់ផងដែរ។ យើងជឿថា ច្បាប់ល្អទៅបាន លុះណាមានមនុស្សល្អជាអនុវត្តច្បាប់នោះ បើពុំនោះទេវាគ្រាន់ តែជាសំណេរមួយប៉ុណ្ណោះ។ ដូច្នេះទ្រឹស្តី គ្មាននរណាទូលផែនដី ម្នាក់ឯងរួច ត្រូវតែត្រូវបានលប់បំបាត់ពីស្មារតី ប្រជាជនខ្មែរឬប្តូរថា មនុស្សម្នាក់ទូលផែនដីមិនរួចដូច្នេះមនុស្ស ត្រូវតែជួយទូលផែនដីទាំងអស់គ្នា។

No comments: